Register Already an agent ? Login

ខេត្តប៉ៃលិន ជាខេត្តទី១៦ ប្រកាសទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ប៉ៃលិន៖ ខេត្តប៉ៃលិនជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅទូទាំងខេត្ត មានខ្នងផ្ទះសរុប ១៨ ១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន ៧៤ភូមិ ស្មើនឹង ៧៩,៥% ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៨ ១១៣ខ្នងផ្ទះ ស្មើនឹង ១០០%។

នៅទូទាំងខេត្តប៉ៃលិន មានខ្នងផ្ទះសរុប ១៨ ១១៣ខ្នងផ្ទះ ចំនួនភូមិមានបណ្តាញទឹកស្អាតគ្របដណ្តប់មានចំនួន ៧៤ភូមិ ស្មើនឹង ៧៩,៥%, ចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៨ ១១៣ខ្នងផ្ទះ ស្មើនឹង ១០០%។ ជាការថ្លែង លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តប៉ៃលិនជាខេត្តទី១៦ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ពីធីនេះ នាព្រឹកថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី អភិបាលខេត្តប៉ៃលិន បានថ្លែងបន្តថា ក្នុងនោះមាន ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនសរុប ១៧ ១៤៤ខ្នងផ្ទះ ស្មើនឹង ៩៥% និងខ្នងផ្ទះប្រើបង្គន់រួមសរុប ៩៦៩ខ្នងផ្ទះ ស្មើនឹង ៥%, ស្ថានភាពក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប ២ក្រុង-ស្រុក ស្មើនឹង ១០០% ឃុំ-សង្កាត់ទាំង០៨ ទទួលបាន ODF ស្មើនឹង ១០០% និងក្នុងចំណោម ៩៣ភូមិ មានភូមិចំនួន ៦០ ជាភូមិ ODF ស្មើនឹង ៦១% និង ៣៨ភូមិ ជាភូមិ ODF Plus ស្មើនឹង ៣៩%។

នាឱកាសនោះ លោកស្រី បាន ស្រីមុំ ក៏បានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តប៉ៃលិន លើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព និងអនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តប៉ៃលិនសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ។

ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។ ជាការថ្លែងបន្ត លោក ឆាយ ឫទ្ធិសែន។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។ ជាការថ្លែងបន្តទៀត លោក ឆាយ ឫទ្ធិសែន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានរាជធានី-ខេត្តចំនួន ១៦ហើយ ដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ  តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)