Register Already an agent ? Login

គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំងប្រទេសចិន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន មានអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ។ល។ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

បើតាម ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ បានដឹកនាំ គណៈប្រតិភូក្រុមហ៊ុនចិនចំនួន១៨ មកពីទីក្រុងនីងប៉ ខេត្តចឺជាំង ប្រទេសចិន បានជួបពិភាក្សាជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី តាមរយៈអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា ភីអិលស៊ី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ជំនួបជួបពិភាក្សាការងារនេះ អគ្គលេខាធិការបានមានមតិស្វាគមន៍ ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។

អគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ហើយក៏បានលើកទ្បើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោក បានគូសបញ្ជាក់ថា ជាពិសេស កម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការ វិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។

នាឱកាសនោះ លោក ក៏បានជំរុញឱ្យវិនិយោគិនធ្វើការគិតគូរក្នុងការបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេស ការកែច្នៃស្វាយចន្ទីដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ អគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការ វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តនានា។

បើតាម លោកស្រី លូ ចឺឈីង បានឱ្យដឹងថា ក្រុមហ៊ុនទាំងនេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ។ល។

លោកស្រីអគ្គនាយក បានថ្លែងអំណរគុណដល់ អគ្គលេខាធិការដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។

លោកស្រី បានបញ្ជាក់ថា សង្ឃឹមថាតាមរយៈជំនួបលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការគិតគូរមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)