
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានប្រមាណ ២០%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា បានបន្តចុះពិនិត្យ តាមដានការអនុវត្តគម្រោងនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រេចបានប្រមាណ ២០ % ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក សួង ហេង ក៏បានចុចប៊ូតុងនិមិត្តរូបដើម្បីដំណើរការគ្រឿងចក្រខួង សសរគ្រឹះស្ពានផ្នែកខាងលិចផងដែរ។

បច្ចុប្បន្ន ការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះ សសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៣១.៥% រួមមាន តួសរសរស្ពាន១២ សម្រេចបានចំនួន ៦សរសរ សរសរស្ពាន៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់ស្ពាននេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន ១១ខែហើយ ស្មើនឹង ២៦,១៩% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។

ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ បានគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាព និងសោភណ័្ឌភាព។
អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនបន្តពង្រឹងសុវត្ថិភាពការងារ បន្តទៀតដោយហេតុថាការងារកាន់តែមមាញឹក និងលយចូលជ្រៅទៅក្នុងទន្លេ និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)