![](https://s9.kh1.co/c9/c92f0e4685c25dc107016b362a57ee502c02e8ad.jpg)
ភ្នំពេញ៖ ដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៥ពាន់លានល្លារ កើន ២៤.៦% បើធៀបនឹងឆ្នាំ២០២៤ មានទំហំជាង ៤ពាន់លានដុល្លារ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃជាង ២.៣ពាន់លានដុល្លារ កើន ១៧.៣% ចំណែកការនាំចូលទំនិញមកវិញមានតម្លៃ ២.៧ពាន់លានដុល្លារ កើន ៣១.៦% បើធៀបនឹងខែមករា ឆ្នាំ២០២៤។ បើតាមការបន្ត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចិននៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជា ដោយសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ១.៥ពាន់លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញទៅចិនជាង ១០០លានដុល្លារ កើន ៤០.៥% ខណៈ ចិននាំចូលមកកម្ពុជាវិញ មានតម្លៃជាង ១.៤ពាន់ដុល្លារ កើន ៣៤.៧%។
រីឯ អាមេរិក ស្ថិតនៅលំដាប់ទី២ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជិត ៩០០លានដុល្លារ កើន ៣៨.៦% ក្នុងនោះ កម្ពុជានាំចេញទៅអាមេរិកមានតម្លៃជាង ៨៦៨លានដុល្លារ និងអាមេរិកនាំមកកម្ពុជាវិញក្នុងតម្លៃជាង ២៣លានដុល្លារ។
ទំហំពាណិជ្ជកម្មដែលកម្ពុជា បានដោះដូរពាណិជ្ជកម្មជាមួយប្រទេសសំខាន់ ដូចជា វៀតណាម ថៃ ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ដូនេស៊ី អង់គ្លេសជាដើម សុទ្ធតែសម្រេចបាននូវកំណើនដ៏ល្អប្រសើរ។ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដដែល៕
ដោយ៖ មឿន ឌីណា (Moeun Dyna)