![](https://s9.kh1.co/9e/9ec79e81fc03939a2541774968021016e1faf960.jpg)
ភ្នំពេញ៖ ពន្ធលើប្រាក់បៀវត្ស សំដៅដល់ប្រាក់សរុបដែលបានទូទាត់ឱ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងារដល់និយោជក។ ប្រាក់បៀវត្ស រួមមាន បៀវត្ស ប្រាក់ឈ្នួល លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា រួមទាំងអត្ថប្រយោជន៍បន្ថែមផងដែរ។
អត្ថប្រយោជន៍បន្ថែម រួមមាន ទំនិញ សេវា ឬអត្ថប្រយោជន៍ជាសាច់ប្រាក់ ឬវត្ថុផ្សេងទៀតដែលនិយោជកផ្តល់ឱ្យដោយផ្ទាល់ ឬប្រយោល ដល់រូបវន្តបុគ្គលចំពោះសកម្មភាពបម្រើការងារ ដែលរូបវន្តបុគ្គលនោះបានបំពេញដើម្បីជាផលប្រយោជន៍ដល់និយោជក ដែលក្នុងនោះ
អត្ថប្រយោជន៍បន្ថែម ជាអាទិ៍មាន៖
-យានជំនិះគ្រប់ប្រភេទ
-ម្ហូបអាហារ
-លំនៅឋាន ការស្នាក់នៅ
-ទឹក ភ្លើង ទូរស័ព្ទ
-អ្នកបម្រើការងារក្នុងលំនៅឋាន
-ប្រាក់ឱ្យខ្ចីដោយគិតការប្រាក់ទាបជាងការប្រាក់ទីផ្សារ។ អត្រាការប្រាក់ទីផ្សារដែលត្រូវយកមកអនុវត្តត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ការលក់ទំនិញចុះថ្លៃ
-ជំនួយផ្នែកអប់រំសម្រាប់និយោជិត ដែលមិនមែនជាចំណែកណាមួយនៃកម្មវិធីបណ្តុះបណ្តាលទាក់ទិនផ្ទាល់ទៅនឹងការបំពេញការងារ របស់និយោជិតនោះ
-ជំនួយផ្នែកអប់រំសម្រាប់កូនរបស់និយោជិត
-បុព្វលាភធានារ៉ាប់រងអាយុជីវិត ឬសុខភាព លើកលែងតែមានផ្តល់អត្ថប្រយោជន៍បន្ថែមដូចគ្នាឱ្យដល់និយោជិតគ្រប់គ្នាដោយគ្មាន ការបែងចែកតាមតួនាទី ឬមុខងារ
-ចំណែកនៃការឧបត្ថម្ភលើចំណាយដែលមិនសមហេតុផល និងមិនចាំបាច់សម្រាប់អាជីវកម្មរបស់និយោជក
-ចំនួនប្រាក់បង់ចូលមូលនិធិសុខុមាលភាពសង្គមដែលលើសពីកម្រិតដែលច្បាប់អនុញ្ញាត
-ចំនួនប្រាក់បង់ចូលបេឡាសោធនដែលលើសពី ១០% នៃប្រាក់បៀវត្សប្រចាំខែគ្មានបូកអត្ថប្រយោជន៍បន្ថែមរបស់និយោជិត
-ចំណាយសម្រាប់ការទទួលភ្ញៀវ ការកម្សាន្ត ការសម្រាកលំហែ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលទាក់ទិននឹងសកម្មភាពទាំងនេះ ដែលមិនមែនជាចំណែកណាមួយនៃទំនាក់ទំនងបម្រើការងារ
-ការផ្តល់ឱ្យចំណែកណាមួយនៃភាគហ៊ុន ឬទុនក្រុមហ៊ុន។
ការទូទាត់ចំពោះអត្ថប្រយោជន៍បន្ថែមដូចបានរៀបរាប់ខាងលើ និយោជកត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមកាលកំណត់ជារៀងរាល់ខែ តាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឱ្យនិយោជិត ហើយតម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សាររួម ទាំងពន្ធអាករទាំងអស់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)