![](https://s9.kh1.co/3d/3d1558caf9b7cbcc8af1d90be87fd1c1959b4d23.jpg)
កណ្ដាល៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣,៧០០ម៉ែត្រ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ វឌ្ឍនភាពសម្រេចបាន ៥,៤០% ហើយ។ បើតាម ក្រសួងសធារណការ និងដឹកជញ្ជូន។
គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន៥,៤០% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
![](https://s9.kh1.co/57/57c72639a4c606462be29eda44e7a2d3690d8d2b.jpg)
គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
![](https://s9.kh1.co/04/04e0d4016eeb530d39d88e9719e06f4c0433b8ce.jpg)
បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងសាងសង់ស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង ៥១% នៃប្រវែងសរុប ៥៣៣ម៉ែត្រ និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សម្ភារៈ គ្រឿងចក្រខួងសរសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
![](https://s9.kh1.co/21/2198f3763c730586488026a3d4ab98f27b476903.jpg)
ក្នុងពេលការងារនៅការដ្ឋានកាន់តែមមាញឹក ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួង។
![](https://s9.kh1.co/50/505c2afe476d6ba7f1d732e9cf8857ee0bfec4ed.jpg)
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣,៧០០ម៉ែត្រ ក្នុងនោះ តួស្ពានមានប្រវែងសរុប ១,៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ (៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២,១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន ៤ខ្សែ។ រយៈពេលសាងសង់ ចំនួន៤៨ ខែ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៨៕
ដោយ៖ មឿន ឌីណា (Moeun Dyna)