Register Already an agent ? Login

វិនិយោគិនអង់គ្លេស ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនអង់គ្លេស ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក សំដៅអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួនរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ។

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Bridgemount Ltd. ដឹកនាំដោយលោក Kalyan Ghosh នាយកគ្រប់គ្រង ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងពិភាក្សាអំពីការផ្ដល់ហិរញ្ញប្បទានលើគម្រោងនានានៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាមជំនួបនេះ លោក Kalyan Ghosh បានគូសបញ្ជាក់ថា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក សំដៅអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួនរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ, ឧស្សហកម្ម, សុខាភិបាល, ពាណិជ្ជកម្ម, កសិកម្ម, ថាមពលសូឡា និងការគ្រប់គ្រងសំណល់ជាដើម។

មានមតិក្នុងជំនួបខាងលើ អគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានឆ្លៀតពេលវេលាអញ្ជើញមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងបរិយាកាសវិនិយោគកម្ពុជាឱ្យបានកាន់តែច្បាស់។

លោក សួន សុផល បានលើឡើងរម្លឹកថា ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីលទ្ធផលនៃបេសកកម្មជំរុញនិងទាក់ទាញវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅទីក្រុងឡុងដ៍ ច្រកភពអង់គ្លេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមក។

ជាមួយគ្នានេះ  លោក បានគូសរំលេចអំពីបរិយាកាសវិនិយោគ ក៏ដូចជាកញ្ចប់លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។

នាឱកាសនោះ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)