
ភ្នំពេញ៖ យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យអ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់។
យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យអ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់ដូចខាងក្រោម៖
- ១៥% ចំពោះប្រាក់ចំណូលដែលបុគ្គលមិនស្ថិតក្រោមរបបស្វ័យប្រកាសលើការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះ យោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មក្រៅពីធនាគារក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
- ១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនទ្រព្យ ឬអចលនទ្រព្យ
- ៦% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើមានកាលកំណត់
- ៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែលមានគណនីបញ្ញើគ្មានកាលកំណត់។
គួរបញ្ជាក់ថា ការកាត់ទុកនេះ មិនអនុវត្តទេចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមាន ចែងក្នុងមាត្រា ៩នៃច្បាប់ស្តីពីសារពើពន្ធ។
ដោយឡែក ការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជាឱ្យទៅអ្នកជាប់ពន្ធអនិវាសនជនត្រូវកាត់ទុក និងបង់ប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ដែលត្រូវបើក។
ពន្ធកាត់ទុកនេះ មិនត្រូវអនុវត្តចំពោះបុព្វលាភធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជានោះទេ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)