Register Already an agent ? Login

តើអ្វីទៅជាចំណាយ ដែលអនុញ្ញាតឱ្យកាត់កងបានសម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល?

ភ្នំពេញ៖ ចំណាយដែលត្រូវបានអនុញ្ញាតឱ្យកាត់កង គឺជាចំណាយសម្រាប់អាជីវកម្មដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និង ដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយដែល អាចអនុញ្ញាតឱ្យកាត់កងបានលុះត្រាតែចំណាយទាំងនោះបំពេញនូវលក្ខខណ្ឌ ចំនួន៣។

ស្របពេល ដែលអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសកំពុងស្ថិតក្នុងអំឡុងពេលនៃការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្មវិធី “ពន្ធដារកម្ពុជា” ផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ បានលើកយកប្រធានបទ “ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (ចំណាយដែលអនុញ្ញាតឱ្យកាត់កងបាន) មកធ្វើបទបង្ហាញនិងពិភាក្សា ដោយមានការចូលរួមពីវាគ្មិន អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។

បើតាម វាគ្មិន លើកឡើងថា ចំណាយដែលត្រូវបានអនុញ្ញាតឱ្យកាត់កង គឺជាចំណាយសម្រាប់អាជីវកម្មដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធ និង ដែលមិនបញ្ចូលមកវិញនូវទ្រព្យសកម្ម ឬដែលគ្មានការលុបបំណុលណាមួយ។ សម្រាប់គោលដៅនៃពន្ធលើប្រាក់ចំណូល ចំណាយដែល អាចអនុញ្ញាតឱ្យកាត់កងបានលុះត្រាតែចំណាយទាំងនោះបំពេញនូវលក្ខខណ្ឌ ចំនួន៣ដូចខាងក្រោម៖

១.ហេតុការណ៍ដែលបណ្តាលឱ្យមានចំណាយបានកើតឡើង និងជាកាតព្វកិច្ចពិតប្រាកដរបស់សហគ្រាស មានន័យថា ភាពពិតរបស់ ចំណាយនោះត្រូវបានបញ្ជាក់អះអាងដោយភស្តុតាងដែលអាចត្រួតពិនិត្យបាន (ឧទាហរណ៍៖ វិក្កយបត្រ ប្រតិវេទន៍គយ លិខិតឆ្លើយឆ្លង ពាណិជ្ជកម្ម កិច្ចសន្យាខ្ចីប្រាក់ បណ្ណចំណាយ...)។

២.លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលទាក់ទិននឹងចំណាយបានកើតឡើង៖

-ក្នុងករណីដែលចំណាយតម្រូវឱ្យមានការទូទាត់សងចំពោះការផ្គត់ផ្គង់ទ្រព្យសកម្ម ទំនិញឬសេវា

លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចកើតឡើងនៅពេលដែលសហគ្រាសបានទទួលការផ្គត់ផ្គង់ទ្រព្យសកម្ម ទំនិញឬសេវា

-លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចត្រូវបានចាត់ទុកថាបានកើតឡើង នៅពេលការទូទាត់ណាមួយដូចខាងក្រោមនេះបានកើតឡើង៖

• ការប៉ះប៉ូវឱ្យកម្មករ សំណងជំងឺចិត្ត ឬសំណងលើការបំពានកិច្ចសន្យា

• ការចុះថ្លៃ ឬការបង្វិលសងវិញ

• ប្រាក់រង្វាន់ផ្សេងៗ

• សំណងលើការទទួលធានា ឬតាមកិច្ចព្រមព្រៀងផ្តល់សេវា

• ប្រាក់ពន្ធនានាក្រៅពីឥណទានពន្ធបរទេស ពន្ធអប្បបរមា និងពន្ធលើប្រាក់ចំណូល។

៣.ចំណាយរបស់សហគ្រាសត្រូវបានកត់ត្រាច្បាស់លាស់ក្នុងបញ្ជីគណនេយ្យក្នុងឆ្នាំជាប់ពន្ធ ដោយត្រូវមានភស្តុតាងបញ្ជាក់ត្រឹមត្រូវអំពី ចំនួនទឹកប្រាក់និងកាលបរិច្ឆេទ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)