Register Already an agent ? Login

គម្រោងសាងសង់ផ្លូវជាតិលេខ១០ បាត់ដំបង-ពោធិ៍សាត់-កោះកុង សម្រេចបាន ៩៦,១៦% ខណៈស្ពានខ្ពស់ជាងគេ ៩៣%

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់ PK ៣៥+៩០០ ស្ថិតក្នុងភូមិបញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ត្រង់ PK១+៧០០ ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចបាន ៩៦,១៦%។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ (អតីតផ្លូវជាតិ១៥៥១) និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។

បើតាម ចុះពិនិត្យវឌ្ឍនភាពការងារបានឱ្យដឹងថា គម្រោងនេះបានជួបនឹងផលប៉ះពាល់បរិស្ថានជាច្រើន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរគន្លងផ្លូវថ្មីពី East Line មក West Line មានប្រវែង ៦៥,៧៤គីឡូម៉ែត្រ ខណៈ បច្ចុប្បន្នសម្រេចការសាងសង់បាន ៩៦,១៦% គិតត្រឹមខែធ្នូនេះ។

ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះសម្រេចការសាងសង់បាន ៩៣%ហើយ ដែលមានន័យថាស្ពាននេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមក្រុមការងាររាយការណ៍ជូន លោក រដ្ឋមន្រ្តីបានចុះពិនិត្យ។

ស្ពាននេះ ស្ថិតក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានចំណុចកណ្តាលស្ពានស្ថិតនៅត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ ហើយកាត់តាមជ្រលងស្ទឹងឫស្សីជ្រុំ មានមុំប្រសព្វ ៩០ដឺក្រេ។

សំណង់ផ្នែកខាងលើមានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកើតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ចំណែកឯសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រើសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង។

គួររកម្លឹកថា ផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបង ទៅកោះកុង ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និងអតីតឯកអគ្គរដ្ឋទូតចិននប្រចាំកម្ពុជា លោក Wang Wentian។

ផ្លូវជាតិលេខ១០នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨គីឡូម៉ែត្រ ត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់មួយ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្លូវជាតិលេខ១០ ដែលបានតភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុងនេះ នឹងជួយសម្រួលបានច្រើនក្នុងជួយដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញផ្សេងៗ តាមរយៈការកាត់បន្ថយលើការចំណាយពេលវេលា ចំណេញថវិកាបានច្រើន ដោយយើងអាចដឹកទំនិញបានពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ទៅកាន់ខេត្តកោះកុង ចុះទៅកំពង់ផែទឹកជ្រៅត្រង់តែម្តង ដោយមិនចាំបាច់ធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៀតនោះទេ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)