Register Already an agent ? Login

កម្ពុជា ទទួលជំនួយពីអូស្រ្តាលី ២លានដុល្លារអូស្រ្តាលី សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤

ភ្នំពេញ៖ កម្ពុជា ទទួលជំនួយពីអូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី សម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(CFR4)។

លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន តាងនាម សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរមីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលី ជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំកម្ពុជា រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

លោក លី ធុជ បានកោតសរសើរចំពោះការរួមចំណែកបន្ថែមរបស់ប្រទេសអូស្រ្តាលីចំនួន ២លានដុល្លារអូស្រ្តាលី ក្នុងវិស័យសកម្មភាពមីន ដែលពិតជាបានឆ្លើយតបនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ។ 

ប្រទេសអូស្ត្រាលី គឺជាមិត្តដ៏យូរអង្វែង និងរឹងមាំរបស់កម្ពុជាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងការបង្កើតនូវការប្តេជ្ញាចិត្តរួមក្នុងដោះស្រាយបញ្ហាមីននៅកម្ពុជា។ ជាការបន្ត លោក លី ធុជ បានបញ្ជាក់ថា ថវិកាជាង ១០០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ បានរួមចំណែកក្នុងការងារបោសសម្អាតមីននៅកម្ពុជា ក្នុងនោះថវិកាជាង ៣៥លានដុល្លារអាមេរិក សម្រាប់គម្រោង CFR ចាប់តាំងពីឆ្នាំ២០០៦។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ UNDP ចាប់តាំងពីឆ្នាំ១៩៩៣ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំវិស័យសកម្មភាពមីនរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

លោក បានសង្កត់ធ្ងន់ថា រាល់ចម្ការមីនដែលយើងបោសសម្អាតរួច គឺជាអំណោយជីវិតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ភាពជាដៃគូដែលយើងបានពង្រឹង នឹងនាំឱ្យយើងកាន់តែខិតជិតទៅនឹងចក្ខុវិស័យប្រទេសកម្ពុជាគ្មានមីន យើងមិនត្រឹមតែរួមគ្នាបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងស្ពាននៃក្តីសង្ឃឹម ភាពរុងរឿង និងសន្តិភាពសម្រាប់មនុស្សជំនាន់ក្រោយ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការប្តេជ្ញាចិត្ត និងបន្តការគាំទ្រប្រកបដោយសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង UNDP ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។

សូមបញ្ជាក់ថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួនជាង ១,២លាននាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)