Register Already an agent ? Login

ពន្ធដារ៖ ពន្ធលើប្រាក់ចំណូលត្រូវបង់ តែក្នុងករណីដែលអ្នកជាប់ពន្ធមានចំណេញតែប៉ុណ្ណោះ

ភ្នំពេញ៖ ពន្ធលើប្រាក់ចំណូល គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវអនុវត្តទៅលើប្រាក់ចំណូលជាប់ពន្ធ ឬប្រាក់ចំណេញ ក្នុងន័យនេះ អ្នកជាប់ពន្ធមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ក្នុងករណីដែលអ្នកជាប់ពន្ធទទួលបានប្រាក់ចំណេញតែប៉ុណ្ណោះ ប្រសិនបើអ្នកជាប់ពន្ធប្រកបអាជីវកម្មខាតនឹង មិនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលឡើយ ប៉ុន្តែត្រូវដាក់លិខិតប្រកាសជាធម្មតា។

ខាងលើនេះ ជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (ប្រាក់ចំណូលជាប់ពន្ធ) រួមមាន លោក ហេង សុវណ្ណារ័ត្ន ប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស និងលោក ទ្រី ច័ន្ទភាពរិទ្ធ អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស។

នាឱកាសនោះ វាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” បានអំពាវនាវឱ្យអ្នកជាប់ពន្ធរួសរាន់រៀបចំលិខិត ប្រកាសនឹងបង់ប្រាក់ពន្ធលើប្រាក់ចំណូលឱ្យទាន់ពេលវេលា និងគួរចៀសវាងរង់ចាំរហូតដល់ ជិតចុងបញ្ចប់នៃកាលបរិច្ឆេទផុតកំណត់ គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដែលអាចបង្កជាហានិភ័យ ផ្សេងៗជាយថាហេតុ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ តែងតែយកចិត្តទុកដាក់ និងផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធដោយបានដាក់ចេញនូវប្រព័ន្ធ Tol e-Filing និងប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ e-Payment សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធី GDT Tax Prefiling App សម្រាប់អ្នកជាប់ពន្ធតូច ដើម្បីប្រកាស និងបង់ពន្ធលើប្រាក់ចំណូលតាមអនឡាញដោយមិនចាំបាច់ទៅធនាគារដោយផ្ទាល់ឡើយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)