ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាតាមរមណីយដ្ឋាននានា នៅក្នុងរាជធានី មានចំនួនជាង ១១លាននាក់ មានកំណើនកើនឡើង ជាង៦៣% បើប្រៀបធៀបឆ្នាំ២០២៣។ បើតាមការថ្លែង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
តាមការថ្លែង លោក ឃួង ស្រេង ក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
លោក បានថ្លែងបន្តថា ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋតាមរយៈអង្គភាព ច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដោយក្នុងមួយថ្ងៃទទួលបាន ២៧៣សេវា ដែលទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនឹងជាង ១២សែនដុល្លារ។
នៅឆ្នាំ២០២៤ រាជធានីភ្នំពេញមានសំណង់ បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ មានរោចក្រចំនួន ៨១១រោងចក្រ កើនឡើង ១៨រោងចក្រ។ ជាការថ្លែងបន្តទៀត អភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ បានលើកយកប្រធានបទចំនួន៦ មកពិភាក្សា ក្នុងនោះរួមមាន៖
១-ពិភាក្សាលើ ចំណុចខ្លាំង និងចំណុចខ្សោយ នៃការផ្ទេរមុខងារវិស័យអប់រំ ៣កម្រិត (ថ្នាក់មត្តេយ្យ ថ្នាក់បឋម និងអប់រំក្រៅប្រព័ន្ធ)។
២-ការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅតាមមូលដ្ឋានសេវាសុខាភិបាលឯកជន និងលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់នៅរាជធានីភ្នំពេញ។
៣-ការគ្រប់គ្រងសណ្តាប់ធ្នាប់ការលក់ដូរតាមចិញ្ចើមផ្លូវសាធារណៈ។
៤-ការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពសំណង់អគារខ្ពស់ៗ សំណង់ដែលផ្អាកការ សាងសង់និងសំណង់ទ្រុឌទ្រោមហួសការកំណត់ស្នាក់នៅ ដើម្បីលើកជាសំណើរទៅក្រសួង ដោយសារតែភ្នំពេញជាទីក្រុងដែលមានវ័យចំណាស់។
៥-ការគ្រប់គ្រងសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹក ឈានទៅដល់ការផាកពិន័យចំពោះអ្នកចោលសំណល់ប្លាស្ទិចតាមប្រព័ន្ធលូ-ប្រឡាយ និងស្ថានីយបូមទឹកទាំងនេះ។
៦-ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយផ្តោតលើការបង្ការ បង្ក្រាប និងលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងការគ្រប់គ្រងជនអន្តោប្រវេសន៍ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)