ភ្នំពេញ៖ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ខណៈ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះបានជាង ១២០០នាក់ ដែលទាមទារសូមឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន។
យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលកាន់តែច្រើនដើម្បីអនាគត មុខរបរការងារ និងប្រាក់ចំណូលគ្រួសារពួកគាត់កាន់តែរីកចំរើន។ នេះបើតាមការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
តាមលើកឡើង លោក ឃួង ស្រេង បានអញ្ជើញជាអធិបតីភាពក្នុងយុទ្ធនាការផ្សព្វផ្សាយការ ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយពីអត្ថប្រយោជន៍នៃការចុះឈ្នោះអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ហើយការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំឡើយ។ ជាការលើកឡើងបន្ត លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួល គាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ។
ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ តាមការបញ្ជាក់ លោក ឃួង ស្រេង បានបន្ថែមថា ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលនេះ ហើយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់ពួកគាត់ដល់សេដ្ឋកិច្ចជាតិ។
វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណ សម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាការបញ្ជាក់បន្ត អភិបាលរាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាន៍ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទារឱ្យមានការរៀបចំជួបជុំនៅថ្ងៃនេះ ក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។
កន្លងមកបងប្អូនជាម្ចាស់អាជីវកម្មអាចចុះឈ្មោះបាននៅតែច្រកចេញចូលតែមួយ តែសម្រាប់ពេលនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណ និងរូបថត គឺរួចជាស្រេច។ ជាការបញ្ជាក់ លោក ហែម វណ្ណឌី បានបន្តថា សម្រាប់ការចុះឈ្មោះដោយប្រព័ន្ធឌីជីថលនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះនៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះឱ្យដោយមិនយកប្រាក់ ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ ១០នាទីប៉ុណ្ណោះ។
លោករដ្ឋមន្រ្តី បានលើកឡើងបន្តថា សម្តេចធិបតី បានបញ្ជាក់ច្បាស់ហើយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានផលរបរ (ចំណូល) ក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែល ៦ម៉ឺនដុល្លារក្នុង១ឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ។ នេះជាការគិតគូរបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវបង់ចូលរដ្ឋឡើយ។
លោក បានឱ្យដឹងថា ក្នុងរយៈពេលជាងមួយខែនេះ ពោលគឺចាប់ពី សម្តេចមធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤មក មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះបានជាង ១២០០នាក់ ដែលទាមទារសូមឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចុះឈ្មោះឱ្យបានកាន់តែច្រើន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)