Register Already an agent ? Login

លោក គួច ចំរើន ចែកវិញ្ញាបត្រអចលនវត្ថុជិត ៣ពាន់បណ្ណ ជូនពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៩៨៨ប័ណ្ណ ជូន ប្រជាពលរដ្ឋ​នៅស្ថិតនៅភូមិស៊ីធរកើត ភូមិព្រៃបាំង និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ដីធ្លី​បានចុះបញ្ជី​មានបណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់ ជួល បញ្ចាំ ធ្វើអំណោយ ។ល។ ជាការថ្លែង លោក គួច ចំរើន ក្នុងពិធីខាងលើ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ជាការគូសបញ្ជាក់ អភិបាលខេត្តកណ្តាល។

ក្នុងឱកាសនោះ អភិបាលខេត្ត បានថ្លៃការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរ លោក បានសម្ដែងនូវការអបអរសាទរ ចំពោះប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុងឃុំស៊ីធរ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ឃុំ/សង្កាត់ នឹង ៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ក្បាលដី។

លោក បានបន្តថា ក្នុងនោះ ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៣៨៥,៤១១បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២៨លើក ស្មើនឹង ៣១១,៤១៥បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២២៩ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិម៉ែបាន ចំនួន ៩៥៨បណ្ណ ភូមិស៊ីធរកើត ចំនួន ១,០២៦បណ្ណ និងភូមិព្រៃបាំង ចំនួន ១,០០៤បណ្ណ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល សរុបចំនួន ២,៩៨៨បណ្ណ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)