Register Already an agent ? Login

វិនិយោគិនពីចិននិងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យ

ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនមកពីប្រទេសចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យ។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរីតំណាងដោយ លោក Darren Teng នាយកគ្រប់គ្រងនៃ Cambodia Securities Plc. ក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសំខាន់នានាពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

បើតាមជំនួបនេះ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គលេខាធិការរង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលបានឆ្លៀតពេលវេលាមុនដំណាច់ឆ្នាំ២០២៤ មកកាន់កម្ពុជាដោយផ្ទាល់ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងប្រកបធុរកិច្ច។

ជាមួយគ្នានេះ លោក នុត អ៊ុនវ័ណរ៉ា បានគូសរំលេចអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាលំដាប់ ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា និងកំណើននៃគម្រោងវិនិយោគ។

លោក បានលើកឡើងបន្តថា ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។

ជាក់ស្តែង វិស័យ និងសកម្មភាពវិនិយោគលើសពី១៨ បានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ ក្នុងស្មារតីនេះ លោក នុត អ៊ុនវ័ណរ៉ា បានស្នើដល់វិនិយោគិនដែលមានវត្តមាននាឱកាសនេះ មេត្តាចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោក Darren Teng បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមពីនេះ លោក ក៏បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលបានរីកចម្រើនគួរជាទីកត់សម្គាល់ក្រោមការដឹកនាំចង្អុលទិសរបស់រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច។

លោក Darren Teng បានគូសបញ្ជាក់ថា ជឿជាក់ថាវិនិយោគិនដែលបានអមដំណើរក្នុងបេសកកម្មការងារនេះនឹងសម្លឹងមើលឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)