
ភ្នំពេញ៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស មានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែ និងប្រចាំឆ្នាំស្របតាមការកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ក្នុងនោះ មានពន្ធប្រចាំឆ្នាំចំនួន ៣ នឹងត្រូវដល់ពេលវេលាកំណត់សម្រាប់ការប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។
ពន្ធប្រចាំឆ្នាំទាំងនោះ រួមមាន៖
ពន្ធលើប្រាក់ចំណូល ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គលដែលខាតពីការធ្វើសកម្មភាពអាជីវកម្ម មិនត្រូវបង់ពន្ធលើប្រាក់ចំណូលនោះទេ ប៉ុន្តែ មានកាតព្វកិច្ចដាក់លិខិតប្រកាសជាធម្មតា។
ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ ដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០រៀល អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣ ០០០ ០០០រៀល ឬ ៥ ០០០ ០០០រៀល ចំពោះ អ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០ ០០០លានរៀលឡើងទៅ។
ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យអតិថិជនឬសាធារណជន បានស្គាល់ពីផលិតផលឬសេវាកម្ម រួមមាន បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាព សម្រាប់គោលបំណងពាណិជ្ជកម្ម។
ចំណុចដែលគួរឱ្យកត់សម្គាល់ ចំពោះពន្ធប្រចាំឆ្នាំទាំង ៣ប្រភេទខាងលើ សុទ្ធតែអាចធ្វើការប្រកាសនិងបង់ប្រាក់ពន្ធបានតាមប្រព័ន្ធអនឡាញ ដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះ ពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ និងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។
ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធ តាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង ដោយឡែក ពន្ធលើផ្ទាំងផ្សព្វផ្សាយ អ្នកជាប់ពន្ធ អាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)