ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ពន្ធលើប្រាក់ចំណូលត្រូវអនុវត្តតាម ប្រកាសលេខ ៥៧៨ សហវ.ប្រក.អពដ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បើតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខៈ៩១ អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងការអនុវត្តកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំឱ្យបានត្រឹមត្រូវ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញប្រកាសលេខ៥៧៨ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើប្រាក់ចំណូល ដែលប្រកាសនេះនឹងត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស (វៀរលែងតែអ្នកជាប់ពន្ធតូច) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។
ខាងលើនេះជាការលើកឡើងដោយវាគ្មិនក្នុងកម្មវិធី “ពន្ធដារកម្ពុជា” បានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “បច្ចុប្បន្នភាពបទប្បញ្ញត្តិស្តីពីពន្ធដារ និងពន្ធលើប្រាក់ចំណូល។
វាគ្មិនក្នុងកម្មវិធីនេះ លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារ អន្តរជាតិ និងលោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងជាអនុប្រធានអង្គភាពសវនកម្មពន្ធដារពិសេស។
គួររំលឹកផងដែរថា បន្ទាប់ពីច្បាប់ស្តីពីសារពើពន្ធ ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយព្រះរាជក្រមលេខនស/រកម/០៥២៣/០០៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបច្ចុប្បន្នភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាច្រើន សំដៅធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធយល់បានច្បាស់ អនុវត្តបានត្រឹមត្រូវ។
លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារទាំងនោះ រួមមាន អនុក្រឹត្យចំនួន១២ ប្រកាសចំនួន២៧ សេចក្តីណែនាំចំនួន២០ និងសេចក្តីជូនដំណឹង ចំនួន២៨។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារក៏បានធ្វើការផ្សព្វផ្សាយអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ព្រមទាំងវិធានការលើកទឹកចិត្តនានាដល់សាធារណជន និងអ្នកជាប់ពន្ធ ដើម្បីអាចអនុវត្តកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)