Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់ CDC លើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈវៀតណាមបោះទុន៥៥៧លានដុល្លារ

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាស្វាគមន៍ក្នុងវេទិកា ជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាមស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

វេទិកានេះ កិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។

មានមតិក្នុងវេទិកាខាងលើ អគ្គលេខាធិការ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។

លោក បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេស លើវិស័យដែលមានសក្ដានុពលខ្ពស់ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។

លោក ជា វុទ្ធី បានអំពាវនាវដល់វិនិយោគិន និងធុរជនដែលមិនទាន់បានវិនិយោគនៅកម្ពុជាឱ្យអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)