Register Already an agent ? Login

គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង៩៥គ.ម សាងសង់បាន ១០០%ហើយ

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់បាន ១០០% គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤។ បើតាម លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងនេះ ចុះពិនិត្យលើវឌ្ឍនភាពការងារ។

ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ។ បើតាមកាបញ្ជាក់ លោក ស៊ុយ សាន។

លោក ស៊ុយ សាន បានបន្តថា ការចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ សំដៅពង្រឹងគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលបាន១០០% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់១០០% ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់រួចរាល់មុនធ្វើការប្រគល់-ទទួល ជាបណ្តោះអាសន្នផងដែរ។ ជាការបន្តទៀត នាយកគម្រោងនេះ។

គួរបញ្ជាក់ថា លោក ស៊ុយ សាន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ៣)។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ផ្លូវជាតិលេខ៤១ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសារសំខាន់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្ម ដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច៕

ដោយ៖ មឿន ឌីណា (Moeun Dyna)