ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងសហភាពអឺរ៉ុប(EU) បានផ្ដល់ឥណទានសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជាលើសហប្រតិបត្តិការចំនួន៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅម្ពុជា, លោក Fabrice Etienne ភារធារីស្ដីទីនៃទូតបារាំងប្រចាំនៅ កម្ពុជា, និងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង សហប្រតិបត្តិការចំនួន៣ មានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ប្រមាណ ១៩២,២លានដុល្លារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន១ ដូចខាងក្រោម៖
១-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក មានទឹកប្រាក់ចំនួន ៩១លានអឺរ៉ូ ប្រមាណ ៩៥,៦លានដុល្លារ។
គម្រោងនេះ មានគោលបំណង ១.ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨កន្លែង បង្កើនសមត្ថភាពចំនួន ៥កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី, ២.គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាម រយៈការពង្រឹងមន្ត្រីកសិកម្មឃុំ និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣.ពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការតាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។
២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ គឺជាកញ្ចប់ឥណទានទី២ ដែលមានទឹកប្រាក់ចំនួន ៨០លានអឺរ៉ូ ប្រមាណ ៨៤លានដុល្លារ។ កញ្ចប់ឥណទានទី២នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឱ្យបាន ១៣០,០០០ម៉ែត្រគីបក្នុង១ថ្ងៃ, បំពាក់បំពង់មេនាំទឹក និងពង្រីក ប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
៣-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១២លានអឺរ៉ូ ប្រមាណ ១២,៦លានដុល្លារ ពី EU តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣។ ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១.ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត, ការបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលថ្នាក់ជាតិ, គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ, និង ២.ការកសាងសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ, ការងារគ្រប់គ្រងហានិភ័យ, ការរៀបចំផែនការជំនួញ, ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប៕
ដោយ៖ មឿន ឌីណា (Moeun Dyna)