ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជាមានតម្លៃសរុប ៤០៣លានដុល្លារ សម្រាប់កម្មវិធីចំនួន៥ បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀត។ បើតាម សេចក្ដីប្រកាសព័ត៌មាន ADB នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងពិធីផ្លូវការមួយ នៅរាជធានីភ្នំពេញ។
ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ ក្រោមក្របខណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។ ជាការលើកឡើង លោកស្រី Varma។
ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង។ ជាការបន្ត លោកស្រី Varma បានបន្តទៀតថា ADB នៅតែប្រកាន់ខ្ជាប់នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរអង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោកស្រី នាយិកា បានបន្ថែមថា ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។
បើតាម សេចក្ដីប្រកាសព័ត៌មាន ប្រាក់កម្ចី ៩0លានដុល្លារ (ដែលបានចុះហត្ថលេខាពីមុន) សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទ នឹងពង្រឹងនិងពង្រីក វិសាលភាព សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព និងអនាម័យមូលដ្ឋាន ដែលធន់នឹងអាកាសធាតុនិងប្រកបដោយបរិយាបន្ននៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤០០នៃឃុំចំនួន ៥០ក្នុងប្រាំបួនខេត្តនៃប្រទេសកម្ពុជា។
គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្សដែលជាប្រាក់កម្ចី ៨០លានដុល្លារ នឹងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត ការបង្រៀនដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រីនិងការត្រួសត្រាយផ្លូវ សម្រាប់ការអប់រំក្រោយមធ្យមសិក្សា។
ជំនួយឥតសំណងចំនួន ១០លានដុល្លារ សម្រាប់គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នឹងជួយកម្ពុជាសម្រេចគោលដៅជាប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។
កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរការ (ជាកម្ចីផ្អែកលើគោលនយោបាយ ដែលមានទឹកប្រាក់ ៥០លានដុល្លារ) សំដៅគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ វាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបាននូវកំណើនខ្ពស់ និងមាននិរន្តរភាព។
ផ្តោតលើអាងទន្លេ ក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ក្នុងអាងទន្លេសាប ប្រាក់កម្ចីចំនួន ៨៨លានដុល្លារសម្រាប់គម្រោងគ្រប់គ្រងធនធានទឹករួម នឹងពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី, ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។
ចុងក្រោយ ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែលមានកម្ចីចំនួន ៨៥លានដុល្លារ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការជញ្ជូនបែងចែកទឹក និងភាពធន់នឹងអាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រនៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ ព្រមទាំងចែករំលែកការអនុវត្តល្អៗជាមួយកសិករដើម្បីបង្កើន ភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែកចាយទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។
គម្រោងនេះ ក៏នឹងគាំទ្រដល់ការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកជាតិដែលពាក់ព័ន្ធ ព្រមទាំងការងាររៀបចំ និងរចនាសម្រាប់ការវិនិយោគនាពេលអនាគតលើការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)