Register Already an agent ? Login

អត្ថប្រយោជន៍ជាមូលដ្ឋានមួយចំនួនសម្រាប់អ្នកជាប់ពន្ធ ពីកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា

ភ្នំពេញ៖ ជាទូទៅ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋាន សំខាន់ៗ មួយចំនួនដល់អ្នកជាប់ពន្ធ ក្នុងនោះមាន៖

-ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលាភ ពី១៤% មក ១០%

-ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក១០% ឬលើកលែងពន្ធ

-ទទួលបានការបន្ធូរបន្ថយពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវគោកក្នុងចរាចរណ៍អន្តរជាតិក្រោម DTA មក ៥០%

-ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍ អន្តរជាតិ ក្រោម DTA

-ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។ សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល ឬរូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖

សម្រាប់នីតិបុគ្គល៖ ១. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម ២. វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម (Certificate of Incorporation) ថតចម្លង និងមានបញ្ជាក់ ៣. លក្ខន្តិកៈក្រុមហ៊ុន (Company Statute) ថតចម្លង និងមានបញ្ជាក់ ៤. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់ ៥. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម ៦. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង

សម្រាប់រូបវន្តបុគ្គល៖ ១. អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន (Identification Card/Passport) ថតចម្លង និងមានបញ្ជាក់ ២. វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម ៣. កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់ ៤. លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម ៥. បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)