ភ្នំពេញ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ហិកតា។ ខណៈ កម្ពុជានាំចេញដំឡូងមីស្រស់៩៥% និងកែច្នៃក្នុងស្រុក៥% បានរួមចំណែកប្រមាណ ៧២៨លានដុល្លារ ដល់សេដ្ឋកិច្ចជាតិ។
ខាងលើជាការឡើង លោក ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា នៅក្នុងជំនួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
បើតាអកិច្ចប្រជុំនេះ បានផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។
លោក រដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករដែលជាអ្នកដាំដំឡូងមីប្រមាណ ៩០.០០០គ្រួសារ នៅទូទាំងប្រទេសស្វែងយល់ និងចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងគោលដៅលើកកម្ពស់ភាពធន់ និងបរិយាបន្នសេដ្ឋកិច្ច។
គួរបញ្ជាក់ថា មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)