ភ្នំពេញ៖ គណៈប្រតិភូរបស់សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់ឆ្នេរខេត្តក្វាងទុង-ហុងកុង-ម៉ាកាវ ទស្សនកិច្ចកម្ពុជា ស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងសហការី នៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម។
បើតាមជំនួបនេះ គណៈប្រតិភូ បានគូសបញ្ជាក់ថា ដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
លោក រដ្ឋលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការចង់ស្វែងយល់អំពីកាលានុវត្តន៍ភាព និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោក បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្មជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។
ជាមួយគ្នានេះ លោក លីម ឡោកពិសិដ្ឋ ក៏បានលើកឡើងអំពីចំណងមិត្តភាពដ៏ស្អិតល្មួត និងយូរអង្វែងរវាងកម្ពុជា-ចិន, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងក្នុងតំបន់ និងសកលលោក។
លោកប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក លើកឡើងថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោក បានគូសបញ្ជាក់ថា ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា ជាពិសេស លើវិស័យថាមពលជីវម៉ាស និងអប់រំ ព្រមទាំងចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការវិយោគលើវិស័យការពារបរិស្ថាន ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)