Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់CDC ស្នើអនុប្រធានសម្ព័ន្ធឧស្សាហកម្មខេត្តហ៊ូប៉ី បង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស កៀងគរវិនិយោគិន បណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានស្នើឱ្យលោក Wu Zhiyong អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី គិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀងគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

តាមស្នើនេះ លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ លោក Wu Zhiyong នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាជំនួបនេះ អគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដឹកនាំដោយ លោក Wu Zhiyong ចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា។ នាឱកាសនោះ លោក បានជម្រាបជូនគណៈប្រតិភូពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

បន្ថែមពីនេះ លោក ក៏បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន, ស្ថានភាពវិនិយោគនៅកម្ពុជាជារួមដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ក្នុងរយៈពេល ១ទស្សវត្សរ៍មកនេះប្រភពទុនវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ ឬលេខ២ ជាបន្តបន្ទាប់។

មួយវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក បានកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើនដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងមុខសញ្ញាថ្មីៗក្រៅពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដូចជាការផលិតសំបកកង់រថយន្ត, ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក និងការផលិតគ្រឿងសង្ហារឹម ជាដើម ដែលឧស្សាហកម្មទាំងនេះបានបង្កើតឱ្យមានតម្លៃបន្ថែមខ្ពស់ជាងមុន និងប្រើបច្ចេកវិទ្យាទំនើប។

ក្នុងឱកាសនោះ លោក ជា វុទ្ធី ក៏បានស្នើឱ្យគណៈប្រតិភូគិតគូរវិនិយោគបង្កើតតំបន់តំបន់សេដ្ឋកិច្ចពិសេស ដែលអាចកៀងគរវិនិយោគិនមកពីខេត្តហ៊ូប៉ីមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោក បានជំរុញឱ្យមានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជាហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។ 

ជាការឆ្លើយតប លោក Wu Zhiyong បានមានប្រសាសន៍ថា លោកនិងគណៈប្រតិភូនឹងធ្វើការពិនិត្យពិចារណាចំពោះសំណើដែល អគ្គលេខាធិការបានលើកទ្បើងនាពេលនេះ។ លោក សង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជាពិសេសវិនិយោគិននៅខេត្តហ៊ូប៉ីមានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត។

លោក ក៏បានថ្លែងអំណរចំពោះ លោក ជា វុទ្ធី និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗពាក់ព័ន្ធនឹងវិនិយោគ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនធ្វើការសម្រេចចិត្តមុននឹងមកបណ្តាក់ទុននៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)