ភ្នំពេញ៖ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន បានសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ ពេលនេះមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុងសិនយ៉ាង ខេត្តលាវនីង ប្រទេសចិន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជំនួបនេះ មអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស កំណើនៃរំហូរវិនិយោគចិនមកកម្ពុជាក្នុងរយៈពេលប្រមាណ ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ ជារៀងរាល់ឆ្នាំ។
លោក ក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។
លោកស្រី ចូវ ហួយថុង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណ អគ្គលេខាធិការ និងសហការីដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។
លោកស្រី បានជម្រាបជូនថា បានធ្វើការសិក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជាអស់រយៈពេលប្រមណ ២ឆ្នាំមកហើយ។ នៅពេលនេះ ក្រុមហ៊ុនមានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាការគូសបញ្ជាក់ លោកស្រី ចូវ ហួយថុង។
លោក ជា វុទ្ធី បានបង្ហាញនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ហើយបានជម្រាបជូនថា វិស័យកសិកម្មជាវិស័យអាទិភាព និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
លោក បានបញ្ជាក់ថា មួយវិញទៀត កម្ពុជាមានដំណាំយុទ្ធសាស្រ្តជាច្រើន ដូចជា ស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
នាឱកាសនោះ អគ្គលេខាធិការបានជំរុញលើកទឹកឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីច្បាមយកផលចំណេញឱ្យបានឆាប់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)