ក្រចេះ៖ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២%។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ស្ពាននេះនឹងបើកឱ្យធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ វឌ្ឍនភាព ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។
គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥គីឡូម៉ែត្រ ក្នុងនោះ ត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១ ៧៦១ម៉ែត្រ មានមុខកាត់ទទឹង ១៣,៥ម៉ែត្រ ត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង ១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែ ក្នុងក្រុងក្រចេះប្រវែង ១៦,២០គីឡូម៉ែត្រ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្នុងតម្លៃ ១១៤លានដុល្លារ គ្រោងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ មានរយៈពេល ៤២ខែ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)