ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនី បានផ្គត់ផ្គង់អគ្គិសនីឱ្យភូមិក្នុងប្រទេសកម្ពុជាបានប្រមាណ ៩៩.១៥% នៃភូមិដែលមានទូទាំងប្រទេស ១៤,១៦៨ភូមិ នៅសល់តែ ១២០ភូមិទៀត មិនទាន់បានធ្វើផ្គត់ផ្គង់ ព្រោះជាភូមិដែលស្ថិតនៅតំបន់ដាច់ស្រយាល ភូមិបណ្ដែតទឹក ភូមិស្ថិតនៅលើដីកោះ និងជាភូមិដែលទើបបង្កើតថ្មី។ បើតាមការថ្លែង លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។
ការថ្លែង លោក យឹម វិសិដ្ឋ បានដឹកនាំកិច្ចប្រជុំណែនាំស្តីពីការពង្រឹងការអនុវត្តច្បាប់ សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដល់អ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង និងអ្នកកាន់អាជ្ញាបណ្ណចែកចាយធំៗនៅកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
លោក បានលើកឡើងបន្តថា ការណ៍នេះធ្វើឱ្យមានការពិបាកបន្តិច ប្រសិនជាអូសខ្សែភ្លើងពីបណ្ដាញជាតិ ប៉ុន្តែភូមិទាំងនេះស្ថិតនៅក្នុងផែនការរដ្ឋាភិបាល ដែលអាជ្ញាធរអគ្គិសនីបាននិងកំពុងសហការជាមួយនឹងដៃគូអភិវឌ្ឍនានា ដូចជាធនាគារពិភពលោក, អង្គការចៃការ និងUNDPជាដើម។
ចំពោះ ការភ្ជាប់ចរន្តអគ្គិសនីជូនដល់ប្រជាពលរដ្ឋ មានប្រមាណ ៩៥.២៤% ដែលបានភ្ជាប់ភ្លើងរួចហើយ នៅសល់តែជាង៤%ទៀតប៉ុណ្ណោះ ដែលត្រូវភ្ជាប់ចរន្តបន្ថែម ទន្ទឹមនឹងនេះ យើងមានអនុស្ថានីយ៍បណ្ដាញជាតិចំនួន ៧០ស្ថានីយ៍ ដែលគ្របដណ្ដប់២៥ រាជធានី/ខេត្ត។ ជាការលើកឡើងបន្តទៀត លោក យឹម វិសិដ្ឋ។
ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងបន្ថែមថា នាពេលថ្មីៗនេះ ក្រសួងរ៉ែនិងថាមពល បានកំណត់គោលនយោបាយ «អន្តរកាលថាមពលកម្ពុជា» ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
លោក បានបន្ថែមទៀតថា ក្នុងនោះរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ជាការប្តេជ្ញាចិត្ត មិនអនុញ្ញាតឱ្យបង្កើតរោងចក្រធ្យូងថ្មបន្ថែម ខណៈរដ្ឋាភិបាលក៏បានបញ្ជាក់គម្រោងរោងចក្រធ្យូងថ្ម១កន្លែង នៅក្នុងខេត្តកោះកុងផងដែរ, មិនអនុញ្ញាតឱ្យបង្កើតស្ថានីយ៍វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ, ក្រសួងរ៉ែ និងថាមពល បានកំណត់ថាយ៉ាងតិចបំផុត ៧០% នៃថាមពលនៅលើថាមពលបណ្ដាញជាតិ ត្រូវតែជាថាមពលស្អាតនៅឆ្នាំ២០៣០។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តដោយម៉ឹងមាត់ចំពោះលក្ខខណ្ឌអាជ្ញាបណ្ណ បទប្បញ្ញត្តិ សេចក្តីណែនាំ សេចក្តីសម្រេច និងគោលការណ៍នានាដែលចេញដោយអាជ្ញាធរអគ្គិសនីកម្ពុជា, ការត្រៀមលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបចំពោះការត្រួតពិនិត្យ។
ជាមួយគ្នានេះ តាមដានរបស់ក្រុមការងារអន្តរស្ថាប័នដែលនឹងចាប់ផ្តើមឆាប់ៗនេះ, ការរំលឹក ពន្យល់ ពិភាក្សា និងជជែកវែកញែកគ្នាឱ្យបានច្បាស់មុននឹងចាប់ផ្តើមអនុវត្តវិធានការច្បាប់កាន់តែម៉ត់ចត់ចំពោះរាល់កំហុសឆ្គងដែលកើតមានឡើងក្នុងការធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)