Register Already an agent ? Login

ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ស្វែងយល់បន្ថែមពីបរិស្ថាននិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ខណៈមានការណែនាំបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន មានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ឧស្សាហកម្មឈើដាំ, កសិ-ឧស្សាហកម្ម, ធនធានរ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, សំណង់....។ល។ ស្វែងយល់បន្ថែមពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ខណៈ មានការណែនាំរវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយ លោក FUKUHARA Koji អគ្គនាយកក្រុមហ៊ុន Marubeni ប្រចាំកម្ពុជា និងជាប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រសៀលថ្ងៃថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

បន្ទាប់ពីបង្ហាញពីសក្តានុពល និងបរិស្ថានវិនិយោគដែលកាន់តែអំណោយផល អគ្គលេខាធិការ បានគូសរំលេចនូវវិស័យអាទិភាពមួយចំនួនដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដូចជា វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យឧស្សាហកម្មឈើដាំ, វិស័យហេដ្ឋារចនាសម្ព័ន្ធ (ការផ្តត់ផ្គង់ទឹកស្អាតនៅតំបន់ដែលកំពុងមានកំណើនឧស្សាហកម្ម), និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

ជាការឆ្លើយតប លោក FUKUHARA Koji បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារនារសៀលនេះ និងបានផ្តល់នូវព័ត៌មានពិស្តារស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោក FUKUHARA Koji តំណាងឱ្យក្រុមហ៊ុន Marubeni បានបង្ហាញពីបំណងនៃការវិនិយោគ ហើយនឹងពិនិត្យពិចារណាសម្រេចវិនិយោគក្នុងវិស័យណាមួយដែល លោក ជា វុទ្ធី បានលើកឡើងពីខាងលើ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Marubeni Corporation គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន បង្កើតឡើងតាំងពីឆ្នាំ១៩៤៩ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជា ឧស្សាហកម្មឈើដាំ, កសិ-ឧស្សាហកម្ម, ធនធានរ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, សំណង់....។ល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)