Register Already an agent ? Login

សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពមួយចំនួនចុះបញ្ជីពន្ធដារស្ម័គ្រចិត្ត ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តនិងប្រកបអាជីវកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធចំពោះសហគ្រាសក្នុងវិស័យអាទិភាពមួយចំនួន។

ការសម្រេចផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសធុនតូច និងមធ្យម ១.លក់ដុំ លក់រាយ និងជួសជុល ២.សេវាកម្មស្នាក់នៅនិងអាហារ ៣.សិប្បកម្ម និង ៤.សហគមន៍កសិកម្ម។ បើយោងតាម អនុក្រឹត្យលេខ២៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការលើកទឹកចិត្តផ្នែក ពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលការលើកទឹកចិត្តផ្នែកពន្ធដារទាំងនោះមាន ដូចខាងក្រោម៖

១-ចំពោះ ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៨ សម្រាប់សហគ្រាសធុនតូច ត្រូវបានលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជីលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារនិងកម្រៃសេវាធ្វើបច្ចុប្បន្នភាព ព័ត៌មាននិងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។

២-ចំពោះ ការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនមធ្យម ត្រូវបានលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុនការចុះបញ្ជី និងលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជី។

៣-ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៤-២០២៥ សម្រាប់សហគ្រាសធុនតូច និងមធ្យម ត្រូវបានលើកលែងការបង់ពន្ធប៉ាតង់ សម្រាប់រយៈពេល ២ឆ្នាំ បន្ទាប់ពីទទួលបានការសម្រេចឱ្យចុះបញ្ជី។

អនុក្រឹត្យនេះ ក៏បានបញ្ជាក់ផងដែរថា សហគ្រាសធុនតូចនិងមធ្យម ដែលទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ត្រូវកាន់បញ្ជីកាគណនេយ្យ និងដាក់លិខិតប្រកាសសារពើពន្ធតាមការកំណត់ជូនរដ្ឋបាលសារពើពន្ធស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)