Register Already an agent ? Login

គណៈប្រតិភូក្រុមហ៊ុនចំនួន៤ កំពុងស្វែងរកការបណ្ដាក់ទុនលើវិស័យថាមពលនៅកម្ពុជា ខណៈក្រុមហ៊ុន១ទៀតស្វែងយល់ការវិនិយោគ

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group បានចូលជួបពិភាក្សា ជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកការបណ្ដាក់ទុនលើវិស័យថាមពលនៅកម្ពុជា។

បើតាមជំនួបនេះ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រភូវិនិយោគិនអញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួន៣ទៀតគឺ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd.។

តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀតអំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្តដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជនជាក្បាលម៉ាស៊ីនយ៉ាងសំខាន់សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា មុនជំនួបជាមួយ គណៈប្រតិភូក្រុមហ៊ុនទាំង៤ នាថ្ងៃខែខាងលើនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Weng Keng ប្រធានក្រុមហ៊ុន Medical System Technology Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក Weng Keng បានគូសបញ្ជាក់ថា ឱកាសនេះបានផ្ដល់លទ្ធភាពជូនក្រុមហ៊ុនបានស្វែងយល់បន្ថែមអំពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា, ផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល, ការលើកទឹកចិត្តវិនិយោគ, និងសក្តានុពលនានាដែលក្រុមហ៊ុនអាចពិនិត្យលទ្ធភាពដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ស្របតាមការលើកឡើងខាងលើរបស់ក្រុមហ៊ុន ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអនុប្រធានទី១ បានជម្រាបជូនអំពីបេសកកម្មរបស់ស្ថាប័ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានស្ថាប័ន នឹងជួយសម្របសម្រួលរាល់កិច្ចការងាររបស់វិនិយោគិនដែលមានបំណងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគបង្កើតឱកាសការងារក្នុងទីផ្សាររបស់កម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)