សៀមរាប៖ ប្រជាពលរដ្ឋ ដែលមានដីដកចេញពីបញ្ជីបុរាណដ្ឋានក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៤៣៧បណ្ណ ពីរាជរដ្ឋាភិបាលកម្ពុជា។
ក្រោមការយកចិត្តទុកដាក់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនជាបណ្តើរៗ។ ជាការថ្លែង លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៤ពាន់បណ្ណ ជូនដល់ ប្រជាពលរដ្ឋទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក បានថ្លែងបន្តថា ក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន ៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន ១ពាន់៣២៨បណ្ណ ក្នុងនោះចំនួន ១ពាន់៣២៧បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង៩បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។
នៅក្នុងក្រុងស្រុកចំនួន១៣ នៃខេត្តសៀមរាបមានទីតាំងបុរាណដ្ឋានចំនួន ១១ ៥៥៩ ទីតាំង ស្មើនឹង ៥៦ ៦៩៤ក្បាលដី ដែលក្រុមការងារបច្ចេកទេសរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានវាស់វែងរួចនិងបានបិទផ្សាយជាសាធារណៈ។ ជាការថ្លែងបន្ត លោក ប្រាក់ សោភ័ណ្ឌ។
លោក ប្រាក់ សោភ័ណ្ឌ បានថ្លែងបន្តទៀតថា លទ្ធផលសម្រេចបាននាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋានបានប្រជុំជាបន្តបន្ទាប់ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង-ស្រុក។
ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ពាន់ ២១៣ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥លាន ៤៥៦ពាន់ ៨៤៩ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ពាន់ ៤០២ក្បាលដី។ ជាការថ្លែងបន្ថែម អភិបាលខេត្តសៀមរាប។
អភិបាលខេត្តសៀមរាប បានថ្លែងបន្ថែមទៀតថា ក្នុងនោះមាន ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ពាន់១០៦ ទីតាំង ស្មើនឹងទំហំ ១២លាន១៩ពាន់៨៦៤ម៉ែត្រក្រឡា, ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេចចំនួន ១ពាន់២៧ក្បាលដី ទំហំ ១១៩លាន៩៧៤ពាន់៧២ម៉ែត្រក្រឡា, ក្បាលដីអាចចុះបញ្ជីជូនប្រជាពល រដ្ឋចំនួន ១៨ពាន់៧៧៧ក្បាលដី ស្មើនឹងទំហំ ២៩លាន៦៥៦ពាន់៤៧៧ម៉ែត្រក្រឡា។
ក្នុងនោះរួមមាន ទីតាំងបុរាណដ្ឋានដែលអាជ្ញាធរជាតិអប្សរាសម្រេចដកចេញពីបញ្ជីមានចំនួន ១ ១០៦ ទីតាំងស្មើនឹង ១២ ០១៩ ៨៦៤ ម៉ែត្រក្រឡា ទីតាំងបុរាណដ្ឋានដែលស្នើសុំថ្នាក់ដឹកនាំសម្រេចចំនួន ១ ០២៧ ក្បាលដី ដែលមានទំហំ ១១៩ ៩៧៤ ០៧២ ម៉ែត្រក្រឡា ក្បាលដីដែលអាចចុះបញ្ជីជូនប្រជាពលរដ្ឋមានចំនួន ១៨ ៧៧៧ ក្បាលដីស្មើនឹង ២៩ ៦៥៦ ៤៧៧ ម៉ែត្រក្រឡា ចំនួនក្បាលដីត្រូវចេញប័ណ្ណសរុប ៤ ៤៤៧ បណ្ណ ក្នុងនោះជូនជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៤ ៤២៣ បណ្ណនិងជូនជាកម្មសិទ្ធិរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ២៤ បណ្ណ។
នាពិធីនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា នៅក្នុងនីតិកាលទី៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់គោលការណ៍ណែនាំធ្វើយ៉ាងណាឱ្យបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិទាក់ទិននឹងវិស័យដីធ្លី ដូច្នេះយើងក៏បានរៀបចំគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយដើម្បីបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិទាំងមូលនិងរៀបចំប្រទេសឱ្យកាន់តែល្អប្រសើរជាងមុន។
លោក បានថ្លែងបន្តថា ក្រោយរំដោះឆ្នាំ១៩៧៩ មកបានដល់ពេលនេះហើយ យើងគួរចំណាយពេលវេលារៀបចំស្រុកទេសរបស់យើងឱ្យបានល្អ និងរៀបចំជីវិតរបស់ប្រជាពលរដ្ឋឱ្យបានល្អជាជាងយើងស្ថិតនៅក្នុងស្ថានភាពមួយដែលមិននឹងនរក្នុងចិត្ត និងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងមានវិវាទជាមួយគ្នា នេះជារឿងមួយដែលមិនចំណេញសម្រាប់យើង មិនចំណេញសម្រប់សង្គមជាតិទេ ដូច្នេះយើងត្រូវធ្វើកិច្ចការដើម្បីដោះស្រាយបញ្ហានឹងទាំងអស់គ្នា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមដោះស្រាយទេ បញ្ហានឹងក៏មិនដឹងជាធ្វើយ៉ាងមិចដែរ ហើយវានឹងនូវជាមួយយើងតជំនាន់។
លោក បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមជាមួយក្រុមការងារមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរក្នុងការដោះស្រាយបញ្ហាដីធ្លីដែលមានភាពចម្រូងចម្រាស់រហូតទទួលបានប័ណ្ណកម្មសិទ្ធិនាពេលនេះនិងជម្រះនូវភាពសៅហ្មងទាក់ទិននឹងបញ្ហាដីធ្លីនេះកុំឱ្យអូសបន្លាយពេលវេលាតទៅមុខទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)