ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.០០១លានយ៉េន (ជាង ៧លានដុល្លារ) សម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងនេះ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៤។
ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ តាមសេចក្តីប្រកាសព័ត៌មានខាងលើ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)