Register Already an agent ? Login

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់និងប្រគល់វិញ្ញាបនបត្រភូមិគំរូចំនួន ៣០ភូមិ ដំណាច់ឆ្នាំ២០២៨ ចំនួន ២៣០ភូមិទៀត

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ។ ចលនាអភិវឌ្ឍន៍ភូមិគំរូ ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។

នៅក្នុងពិធីនេះ លោក រដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ឆាយ ឫទ្ធិសែន បានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍន៍រហូតដល់សម្រេចបាននូវសមិទ្ធផលទូទាំងប្រទេស និងជាពិសេសការរៀបចំពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ ប្រព្រឹត្តឡើងបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។

បើតាម លោក រដ្ឋមន្ត្រី បានថ្លែងថា យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥រួមមាន៖ ១-សេដ្ឋកិច្ច ២-សង្គម និងវប្បធម៌ ៣-សុខភាព និងបរិស្ថានរស់នៅ ៤-ហេដ្ឋារចនាសម្ព័ន្ធ និង ៥-អភិបាលកិច្ច។

តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការបានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិ ដែលទទួលបានចំណាត់ថ្នាក់ដូចតទៅ ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ២ភូមិ, ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមិគំរូទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។ ជាការគូសបញ្ជាក់ លោក ឆាយ ឫទ្ធិសែន។

លោក បានថ្លែងបន្ដថា ដោយអនុវត្តន៍តាមអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងបានជំរុញសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព សកម្មភាពសេដ្ឋកិច្ចនានា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច។

ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ ជាការថ្លែងបន្តទៀត លោក ឆាយ ឫទ្ធិសែន បានបន្ថែមថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕

ដោយ៖ មឿន ឌីណា (Moeun Dyna)