Register Already an agent ? Login

ក្រុមហ៊ុនខ្មែរ-អាម៉េរិកចំនួន២ បានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជា ទៅទីផ្សារអាម៉េរិក

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន​ពីរក៏បានរាយការណ៍ជូន អនុប្រធានទី១ អំពីផែនការវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សានាឱកាសនេះ លោក អនុប្រធានទី១ បានជម្រាបជូនអំពីកិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។

លោក ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យក្នុងកិច្ចការវិនិយោគរបស់ខ្លួនលើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ បន្ថែមពីនេះ លោក ក៏បានរំលេចនៅក្នុងអង្គប្រជុំនេះដែរអំពីបច្ចុប្បន្នភាពស្ថានភាពវិនិយោគនៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)