
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងផ្លូវជនបទ សរុបប្រវែង ៥០ ២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦ ៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១ ៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១ ៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០ ០២៩គីឡូម៉ែត្រ។ យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ ក្រសួងអភិវឌ្ឍន៍ជនបទ គិតត្រឹមឆ្នាំ២០២៤។
បើតាមរបាយការណ៍នេះ បានបង្ហាញនៅក្នុងប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។
តាមរបាយការណ៍ នាយកដ្ឋានជំនាញ បានបន្តថា ដោយឡែក តែក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបានផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១គីឡូម៉ែត្រ សាងសង់ផ្លូវក្រាលបេតុង បានប្រវែង ១៦៤,២១គីឡូម៉ែត្រ។
សាងសង់ផ្លូវក្រាលល្បាយក្រួសបានប្រវែង ២១៨,០៥ គីឡូម៉ែត្រ សាងសង់ស្ពានបេតុង បានចំនួន ១២កន្លែង ស្មើនឹងប្រវែង ៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យគ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន ៤០៤ខ្សែ ប្រវែងសរុប ៤ ២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សមិទ្ធផលការងាររួចមក លោក រដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។
លោក បានលើកគឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនេះ លោក រដ្ឋមន្ត្រីបានដាក់ចេញនូវទិសដៅបន្តបន្ថែម ដូចតទៅ៖
១.ត្រូវបន្តពង្រីកវិសាលភាព និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
២.ត្រូវបន្តពង្រីកវិសាលភាពការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
៣. បន្តសិក្សាស្វែងរកបច្ចេកវិទ្យាថ្មីៗ ដូចជាការសិក្សាធ្វើបច្ចុប្បន្នភាពលើបទដ្ឋានបច្ចេកទេស ការសិក្សារកវត្ថុធាតុដើមថ្មី (Stabilizer)ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)