Register Already an agent ? Login

CDC បានអនុម័តម្រោងវិនិយោគចំនួន៤៣ ទុនសរុប ៩៤០លានដុល្លារ វៀតណាមឈរទី១ ចិនទី២ កម្ពុជាទី៣ ក្នុងខែវិច្ឆិកានេះ

ភ្នំពេញ៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤៣ ទុនវិនិយោគសរុបប្រមាណ ៩៤០លានដុល្លារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ វៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប ចិនស្ថិតលេខរៀងទី២ រួមចំណែក២៤,២៦% កម្ពុជាស្ថិតលេខរៀងទី៣ រួមចំណែក១៤,៤៩%។ បើតាមសេចក្តីប្រកាសព័ត៌មាន ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩៤០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែវិច្ឆិកានេះរួមមាន៖

ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស

-ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន (ប្រព័ន្ធទូរស័ព្ទចល័ត) ទីតាំងរាជធានី-ខេត្តទូទាំងប្រទេស ទុនវិនិយោគបន្ថែម ៤៨០លានដុល្លារ បង្កើតការងារ ២.០០៤កន្លែង។

-ទេសចរណ៍ គម្រោងវិនិយោគបង្កើតសណ្ឋាគារផ្កាយ៥ ចំនួន៣០០បន្ទប់ ទីតាំងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទុនវិនិយោគ ៧០លានដុល្លារ បង្កើតការងារ ៨២២កន្លែង។

-ឧស្សាហកម្ម ទីតាំងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈប៉ូវកម្លាំង ទុនវិនិយោគ ៣៩លានដុល្លារ បង្កើតការងារ ១១៥កន្លែង។

-ឧស្សាហកម្ម គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងលំអដើមណូអែល ពួកខ្យល់ និងគ្រឿងសង្ហារិម ទីតាំងភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទុនវិនិយោគ ៣៥លានដុល្លារ បង្កើតការងារ ១.៩៣០កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស

-ឧស្សាហកម្ម គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ទីតាំងភូមិត្រពាំងគោ និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទុនវិនិយោគ ៥០,៥លានដុល្លារ បង្កើតការងារ ២០៣កន្លែង។

-ឧស្សាហកម្ម គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម និងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡា ទីតាំងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទុនវិនិយោគ ៣០លានដុល្លារ បង្កើតការងារ ១៦០កន្លែង។

គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគមកពី វៀតណាមស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក៥១,០៨% នៃទុនវិនិយោគសរុប, ចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក២៤,២៦% នៃទុនវិនិយោគសរុប និងកម្ពុជាស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែក១៤,៤៩% នៃទុនវិនិយោគសរុប៕

ដោតយ៖ មឿន ឌីណា (Moeun Dyna)