Register Already an agent ? Login

ខេត្តតាកែវ បានប្រកាសទទួលជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់រាធានីភ្នំពេញ ODF Plus

តាកែវ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តតាកែវ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) បន្ទាប់រាធានីភ្នំពេញ ODF Plus នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

នាពិធីការប្រកាសទទួលស្គាល់ខេត្តតាកែវ ODF លោក វ៉ី សំណាង អភិបាល អភិបាលខេត្តតាកែវ បានលើកឡើងបង្ហាញរបាយការណ៍ថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន ២១០ ១២១គ្រួសារ ស្មើនឹង ៩៤,៨៥% និងខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០%។

លោក វ៉ី សំណាង បានលើកឡើងបន្តថា ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ២០៩ ៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤,៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២ ២០០ខ្នងផ្ទះ ស្មើនឹង ៥,៥១% ជាពិសេស ខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តតាកែវសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លោក បានបញ្ជាក់ថា ជាពិសេស ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។

បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ជាការថ្លែងបន្ត លោក ឆាយ ឫទ្ធិសែន។

គួរបញ្ជាក់ថា នៅត្រឹមពេលនេះមានខេត្តចំនួន១៣ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣។

ក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន ១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី-ខេត្ត ODF កើតឡើងដល់១៤ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ នៅកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)