
ព្រៃវែង៖ គម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅព្រំដែនកម្ពុជា-វៀតណាម ក្រោយបញ្ចប់ការសាងសង់ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅមន្ទីរពេទ្យ សាលារៀន ដឹកជញ្ជូនទំនិញ កសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពគម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ដែលជាផ្លូវយុទ្ធសាស្រ្តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

ផ្លូវខេត្តលេខ៣១២នេះ មានប្រវែង ២៨,៣៧គីឡូម៉ែត្រ ដោយចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។
គម្រោងនេះ នឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។

ផ្លូវខេត្តនេះ នឹងក្លាយជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។
ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា ផ្លូវខេត្តលេខ៣១២ នេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ អនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៥លានដុល្លារ សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)