
ភ្នំពេញ៖ ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដែលដឹកនាំដោយ លោក តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសស៊ែប៊ី និងលោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

បើតាមជំនួបនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងពង្រីកការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។
អគ្គលេខាធិការរង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌការទូតសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក បានជម្រាបជូនភាគីមិត្តអំពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគដែលរាជរដ្ឋាភិបាលតែងតែធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។
លោក សួន សុផល បានបង្ហាញសុទិដ្ឋិនិយមថា ជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត។

ក្នុងជំនួប លោកស្រី Jovana បានសម្តែងនូវសេចក្តីរីករាយសម្រាប់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជូនចំពោះគណៈប្រតិភូដែលអញ្ជើញមកពីប្រទេសស៊ែប៊ី។
ស្របគ្នានេះ លោកស្រី ក៏បានជម្រាបជូនអំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្ថាប័នសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ដោយបានបង្ហើបអំពីលទ្ធភាពក្នុងការរឹតចំណងកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ។

លោកស្រី បានយកឱកាសដ៏ប្រពៃនេះស្នើភាគីកម្ពុជាពិនិត្យលទ្ធភាពសហការរៀបចំជំនួបធុរកិច្ចក្នុងឱកាសពិព័រណ៍ពិភពលោកអូសាកា២០២៥ នៅប្រទេសជប៉ុន និង Expo Belgrade ឆ្នាំ២០២៧ នៅប្រទេសស៊ែប៊ី ក្នុងគោលដៅលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជាជូនចំពោះសហគមន៍ធុរកិច្ចក្នុងតំបន់ Balkans៕
ដោយ៖ មឿន ឌីណា (Moeun Dyna)