Register Already an agent ? Login

រោងចក្រកែច្នៃឈើដាំក្នុងស្រុករបស់វៀតណាម នៅព្រះសីហនុសម្ពោធបើកឱ្យដំណើរការ ខណៈវៀតណាមវិនិយោគនៅកម្ពុជាទំហំ៥៥៧លានដុល្លារ

ព្រះសីហនុ៖ រោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,LTD ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានសម្ពោធបើកឱ្យដំណើរការ។ ខណៈ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧លានដុល្លារ ១១ខែនៃឆ្នាំ២០២៤។

នៅក្នុងពិធីនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា បានសម្តែងនូវការអបអរសាទរចំពោះក្រុមហ៊ុន TNTVN Forestry Co., LTd និងបានថ្លែងអំណរគុណ រួមជាមួយការកោតសរសើរចំពោះការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

អគ្គលេខាធិការ មានជំនឿជឿជាក់យ៉ាងមុតមាំថា រោងចក្រនេះនឹងមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការបង្កើតការងារនិងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជាផងដែរ។

បរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល ឧត្តមភាពប្រៀបធៀបរបស់កម្ពុជា រួមទាំងធនធានធម្មជាតិដ៏សម្បូរបែប កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្មនិងផលិតកម្ម ពិសេស តម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សម្រួលដល់ការដឹកជញ្ជូន ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។ ជាការថ្លែងបន្ត លោក ជា វុទ្ធី។\

លោក បានគូសរំលេចពីកំណើននៃការវិនិយោគក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)