
ភ្នំពេញ៖ ចំពោះសហគ្រាសទាំងឡាយណាដែលអាជីវកម្មរបស់ខ្លួនមិនទាន់មានសកម្មភាពអាជីវកម្ម ឬមានបំណងផ្អាកដំណើរការសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្នឫមានបំណងបើកដំណើរការអាជីវកម្មឡើងវិញត្រូវបំពេញបែបបទនិងនីតិវិធីស្នើសុំមករដ្ឋបាលសារពើពន្ធតាមជម្រើស មួយណាក៏បានដូចខាងក្រោម៖
១. បំពេញបែបបទនិងដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online)៖ ត្រូវចូលទៅកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារដែល មានអាសយដ្ឋាន https://www.tax.gov.kh/km/e-service បន្ទាប់មកបំពេញព័ត៌មានតម្រូវព្រមទាំងឯកសារភ្ជាប់នានាតាម ប្រព័ន្ធគ្រប់គ្រងការស្នើសុំវិញ្ញាបនបត្រពន្ធដារ លើមុខងារ “ស្នើសុំផ្អាកអាជីវកម្មឬបើកដំណើរការឡើងវិញ។
២. ការបំពេញបែបបទនិងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬតាមរយៈអ៊ីមែល៖ ត្រូវរៀបចំសំណុំឯកសារស្នើសុំមក នាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ (ចំពោះសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រង របស់សាខាពន្ធដារខេត្ត-ខណ្ឌ) ឬតាមរយៈអ៊ីមែល [email protected] ដោយត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
-លិខិតស្នើសុំរបស់សហគ្រាស ដោយមានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន
-ពាក្យស្នើសុំផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬបើកដំណើរការអាជីវកម្មឡើងវិញ (ទម្រង់ SUS_01) ដោយ មានហត្ថលេខាម្ចាស់ឬអ្នកតំណាង និងត្រាក្រុមហ៊ុន
-ប័ណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប) ករណីជាអ្នកតំណាង ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិ ឬត្រូវភ្ជាប់កាតបុគ្គលិក អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទ និងអ៊ីមែល ករបើអ្នកតំណាង ជាបុគ្គលិកសហគ្រាស។
ចំពោះការស្នើសុំបន្តផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវភ្ជាប់ឯកសារដូចរៀបរាប់ ខាងលើ រួមនិងលិខិតអនុញ្ញាតឱ្យផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្នចេញដោយរដ្ឋបាលសារពើពន្ធ។
សូមបញ្ជាក់ផងដែរថា សហគ្រាសដែលទទួលបានការអនុញ្ញាតឱ្យផ្អាកដំណើរការសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ន មានកាតព្វកិច្ចដាក់ លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបង់ពន្ធអាករដទៃទៀត (ប្រសិនបើមាន) ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារជាធរមាន។
ក្នុងអំឡុងពេលនៃការផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្ននេះ សហគ្រាស៖
- មិនអាចចេញវិក្កយបត្រអាករលើតម្លៃបន្ថែមលើគ្រប់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស
-មិនអាចស្នើសុំបង្វិលសង ឬប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម និង
-មិនអនុញ្ញាតឱ្យធ្វើការនាំចេញ នាំចូល ឬធ្វើសកម្មភាពផ្សេងៗ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)