Register Already an agent ? Login

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគ​និងហិរញ្ញវត្ថុ​ ការពារជាតិនិងសន្តិសុខ ថាមពល​ ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ​ ទេសចរណ៍​ ​វប្បធម៌និងសិល្បៈ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ការឯកភាពខាងលើរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ជួបពិភាក្សាទ្វេភាគីជាមួយ លោក សនសៃ ស៊ីផាន់ដន អញ្ជើញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក សនសៃ ស៊ីផាន់ដន និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្រាប់រយៈពេលពីទី៤-៥ ខែធ្នូនេះ ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេច បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។

លោក នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះ បាន​បង្ហាញពីមិត្តភាព​ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។

លោក បាន​អបអរសាទរ​ និងកោតសរសើរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំសម្ដេចធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។ ប្រមុខទាំងពីរ ក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងហិរញ្ញវត្ថុ ការពារជាតិនិងសន្តិសុខ ថាមពល ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ វប្បធម៌ និងសិល្បៈ ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ ១-កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, ២-អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង ៣-អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕

រហូតមកទល់ពេលនេះ កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន ១១ បានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត ដូចខាងក្រោម៖

សិង្ហបុរី (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨), ចិន (មានប្រសិទ្ធភាពអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩), ថៃ (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨), ព្រុយ (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩)។

 វៀតណាម (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០), ម៉ាឡេស៊ី (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១), កូរ៉េ (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២), តំបន់រដ្ឋបាលពិសេសម៉ាកាវ នៃចិន (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤)។

ឥណ្ឌូណេស៊ី (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១), តំបន់រដ្ឋបាលពិសេសហុងកុង នៃចិន (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០), តួកគី (មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)