Register Already an agent ? Login

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង៩៥គ.ម វឌ្ឍនភាព ៩៧,០១% ហើយ

កំពត៖ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ជុំគិរី(ភ្ជាប់ផ្លូវជាតិលេខ៣) សម្រេចលទ្ធផលសាងសង់បានជាង ៩៧,០១% ហើយ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាម លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់។

តាមការចុះ ពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ មានការចូលរួមអមដំណើរដោយ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ កាលពីនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ហើយ ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ ១០០% ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។

គម្រោង (PK000+000 – PK095+270) ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ៣)។

ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ។ ជាការគូសនបញ្ជាក់ នាយកគម្រោង លោក ស៊ុយ សាន។

នាយកគម្រោង លោក ស៊ុយ សាន បានបន្តថា តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

គូសបញ្ជាក់ថា ​ក្រោយ​បញ្ចប់​ការសាងសង់ ខ្សែ​ផ្លូវ​នេះ នឹង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​កសិផល​ដំណាំ​កៅស៊ូ ម្រេច ផល​នេសាទ អំបិល ដំណាំ​ស្រូវ និង​ផ្លែឈើ ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។

ផ្លូវជាតិ​លេខ​៤១ គឺជា​សរសៃឈាម​សេដ្ឋកិច្ច ដ៏​មាន​សារៈសំខាន់ សម្រាប់​ឆ្លងកាត់​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត និង​ត​ភ្ជាប់​ទៅកាន់​កំពង់ផែ​អន្តរជាតិ​សំខាន់ៗ ដូចជា​កំពង់​ផែ​ក្រុងព្រះសីហនុ កំពង់ផែ​ពហុ​បំណង​ខេត្តកំពត និង​មជ្ឈមណ្ឌល​ភ័ស្តុភា​រកម្ម ដែល​កំពុង​សាងសង់​កំពង់ផែ​ទេស​ចរណ៍​ខេត្តកំពត និង​កំពង់ផែ​​ទេសចរណ៍​ខេត្ត​កែប​កោះទន្សាយ ដែល​ទើប​សាងសង់​រួច​។

ផ្លូវ​នេះ​ថែមទាំង​ត​ភ្ជាប់​ទៅ​តំបន់​ទេសចរណ៍ធម្មជាតិ នៅតាម​បណ្ដា​ខេត្ត មាន​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត តាម​រយៈ​ខ្សែ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣១ និង​ផ្លូវជាតិ​៣៣​។​

ផ្លូវជាតិ​លេខ​៤១នេះ នឹងចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ កោះទន្សាយ តំបន់ឆ្នេរ និង​តំបន់​មាត់សមុទ្រ​ធម្មជាតិ​។ ខ្សែ​ផ្លូវ​នេះ ក៏​នឹង​ជួយ​សម្រួល​និង​បញ្ចៀស​ការកកស្ទះ​នៅលើ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ បាន​មួយកម្រិត​បន្ថែម​ទៀតផង​ដែរ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)