Register Already an agent ? Login

គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ក្រោមទុន៤០លានដុល្លារ នៅព្រះសីហនុ បានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស

ព្រះសីហនុ៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០ លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី នារសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ មានការស្នើចូលសញ្ជាតិខ្មែរ របស់គម្រោងវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលត្រូវបានប្រកាសឱ្យអនុវត្តដោយសម្តេចធិបតី កន្លងទៅ។

កិច្ចប្រជុំបានពិនិត្យសម្រេចលើការស្នើរបស់ក្រុមហ៊ុនវិនិយោគឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្ម រួមមាន៖ ការពន្លា ការច្រៀកដែកសន្លឹក និងដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេងៗ សម្រាប់បម្រើការក្នុងវិស័យសំណង់ ក្រោមទុនវិនិយោគប្រមាណ ៤០លានដុល្លារ។

ជាមួយគ្នានេះ កិច្ចប្រជុំបានពិនិត្យនិងពិភាក្សា ដើម្បីស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោគិនដែលមានសក្តានុពលខ្ពស់ចំនួន ២រូប មានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០លានដុល្លារ ក្នុងទំហំដី ៣០៣ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)