ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ៤២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។
ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ បើតាម គ្រឹះស្ថានអង្គរ បានបន្តថា ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទកោះកែរ ទទួលបានជាង២៧៨ ៧១៥ដុល្លារ ពីអ្នកទេសចរបរទេសចំនួនជាង ១៨ ៥៨១នាក់។ រីឯ ចំណូលលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសមានចំនួន ៧សែនដុល្លារ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សម្រាប់តម្លៃសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ រយៈពេល៣ថ្ងៃតម្លៃ ៦២ដុល្លារ មានសុពលភាព ១០ថ្ងៃ និង ៧ថ្ងៃមានតម្លៃ ៧២ ដុល្លារ មានសុពលភាព ៣០ថ្ងៃ។
គូសបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន។ ក្រុងសៀមរាប កំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំណើនសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម ដែលបម្រើឱ្យវិស័យទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)