ភ្នំពេញ៖ ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន មានបំណងវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញនៅកម្ពុជា។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang ប្រទេសចិន ក្នុងគោលបំណងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។
មានមតិក្នុងជំនួបខាងលើ មអគ្គលេខាធិការរង បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ក្នុងគោលដៅសិក្សាស្វែងយល់ពីសក្តានុពល និងបរិយាកាសវិនិយោគកម្ពុជាឱ្យបានជាក់ច្បាស់។
ជាមួយគ្នានេះ លោក ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
ក្នុងស្មារតីនេះ ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិនបានដើរតួនាទីដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។ ជាការគូសបញ្ជាក់ លោក សួន សុផល។
លោក សួន សុផល បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជា ក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។
លោកប្រធាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជាបានទទួលជួបប្រឹក្សាយោបល់នាឱកាសដ៏ប្រពៃនេះ។
បន្ថែមពីនេះ លោក បានសម្តែងនូវការកត់សម្គាល់អំពីថាមភាពរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថាការវិនិយោគផ្ទាល់ពីប្រទេសចិនពិតជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។
លោក បានទទួលយកអនុសាសន៍ណែនាំរបស់ អគ្គលេខាធិការរង និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមានឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាតនាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)