ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី សិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងវផលិតកម្ម Ceramic និងផលិតកម្ម Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។
លោក ជា វុទ្ធី និងសហការីបានទទួលជួបពិភាក្សាការងារជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំធ្វើឡើងតាមការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន Hong Leong Manufacturing Group នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយ អគ្គលេខាធិការ ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា។
ឧកញ៉ា Tan Khee Meng បានជម្រាបជូនថា ក្រុមហ៊ុនបានគិតគូរវិនិយោគក្នុងវិស័យចំនួន៤ រួមមាន៖ ការបង្កើតរោងចក្រផលិតម៉ូតូ ផលិតកម្ម Ceramic, ផលិត Semi-conductor និងការអភិវឌ្ឍអចលនទ្រព្យ (ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស)។
ជាការឆ្លើយតប ចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ អគ្គលេខាធិការ បានស្នើឱ្យក្រុមហ៊ុនសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា និងបានស្វាគមន៍គម្រោងវផលិតកម្ម Ceramic និងផលិតកម្ម Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។
ជាព័ត៌មានបន្ថែម លោក ជា វុទ្ធី បានលើកឡើងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដោយទទួលបានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបនិងមានតម្លៃបន្ថែមខ្ពស់ជាច្រើន ដូចជាគម្រោងវិនិយោគផលិតសំបកកង់រថយន្ត សម្ភារៈបរិក្ខារអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន។ល។
បន្ថែមលើនេះ កន្សោមឧស្សាហកម្ម (industrial cluster) ត្រូវបានលេចជារូបរាងក្នុងតំបន់សេដ្ឋកិច្ចពិសេស លើមុខសញ្ញាវិនិយោគមួយចំនួន រួមមាន៖ ការផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារៈតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយាន។ល។ ជាការលើកឡើងបន្ត លោក ជា វុទ្ធី។
នាឱកាសនោះ អគ្គលេខាធិការ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ ការកែច្នៃជ័រកៅស៊ូ និងការកែច្នៃកសិផលផ្សេងៗជាច្រើនទៀតដែលនាពេលបច្ចុប្បន្នទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)