ភ្នំពេញ៖ ក្រុមហ៊ុនមកពីខេត្ត Zhejiang ប្រទេសចិនមកទស្សនកិច្ចកម្ពុជា ស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនមកពីខេត្ត Zhejiang ដែលដឹកនាំដោយលោក Yang Yaming ជាប្រធាននៃសារមន្ទីរសិល្បៈសេរ៉ាមិចទំនើបខេត្តZhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. ព្រមទាំងមានការចូលរួមពីអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid. ចូលរួមផងដែរ។
បើតាមជំនួបនេះ កាលពីព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Yang Yaming បានបញ្ជាក់ថា ជំនួបខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។
ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា ថាមពលអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។ ជាការបន្ត លោក Yang Yaming។
អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូចិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
លោក សួន សុផល បានជម្រាបជូនពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន និងកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។
លើសពីនេះទៀត លោក បានជំរុញលើកទឹកចិត្តក្រុមហ៊ុនឱ្យធ្វើការពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេស។
នាឱកាសនោះ លោក Yang Yaming បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អគ្គលេខាធិការរង និងសហការីដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។
លោក Yang បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍថាមពលអគ្គិសនី និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា។
ជាការឆ្លើយតប អគ្គលេខាធិការរង បានសម្តែងនូវក្តីសោនស្សរីករាយដោយបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូចិនជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនចិនបន្តបន្ទាប់ទៀត ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)